អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានរំឭកអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សភាពាណិជ្ជកម្មកម្ពុជា កាលពី១០ឆ្នាំមុន នៅដើមឆ្នាំ២០១៦។

នៅលើបណ្តាញសង្គម អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា នៅពេលក្រឡេកមើលពីអតីតកាល ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតែជាពេលវេលាដ៏មានអត្ថន័យនៃកិច្ចសហប្រតិបត្តិការរួមគ្នារបស់យើង។ ទស្សនកិច្ចនេះមិនត្រឹមតែជាពិធីផ្លូវការមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបមួយមានអានុភាពនៃទំនុកចិត្ត ការសន្ទនា និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជាផងដែរ។
ទស្សនកិច្ចនាពេលនោះជាសារដ៏សំខាន់មួយបង្ហាញថា វឌ្ឍនភាពជាតិប្រកបដោយចីរភាពត្រូវបានបង្កើតទ្បើងតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងសហគ្រាសឯកជន។ កិច្ចសន្ទនា គោលដៅរួមគ្នា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់យើងនៅតែបន្តមានរហូតមកដល់សព្វថ្ងៃនេះ ហើយរំឭកយើងពីព្រឹត្តិការណ៍ដ៏សំខាន់មួយដែលពង្រឹងទំនុកចិត្តរបស់យើង និងបង្ហាញពីកិច្ចសហការកាន់តែច្បាស់លាស់ ឆ្ពោះទៅរកវឌ្ឍនភាពនៃសេដ្ឋកិច្ច។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា នៅពេលយើងគិតទៅដល់ទស្សនកិច្ចនាថ្ងៃនោះ យើងដឹងថា ភាពជាដៃគូដែលត្រូវបានបង្កើតទ្បើងដោយភាពស្មោះត្រង់ និងប្រកបដោយចក្ខុវិស័យ បន្សល់ទុកនូវលទ្ធផលជាផ្លែផ្កាយូរអង្វែង។ ភាពជាដៃគូនេះមិនត្រឹមតែផ្តល់ផលល្អដល់ដំណើរការស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់អនាគតប្រទេសជាតិផងដែរ៕







