លោក ត្រាំ ដាក់ពន្ធបន្ថែម ១០%​ លើទំនិញនាំចូលគ្រប់ប្រទេសទាំងអស់ ក្រោយមានការរារាំងពីតុលាការកំពូល

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងដាក់ពន្ធគយ ១០% បន្ថែមទៀត ចំពោះការនាំចូលទំនិញពីគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក ដោយបន្ថែមពីលើអត្រាបច្ចុប្បន្ន បន្ទាប់ពីមានការសម្រេចរបស់តុលារការកំពូលសហរដ្ឋអាមេរិក ជុំវិញការរារាំងទៅលើគោលនយោបាយពន្ធពីមុនរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជាពន្ធនេះ​ ត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ដើម្បីដាក់ពន្ធគយ ១០% បន្ថែមទៀតទៅលើការនាំចូលទំនិញពីគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ខណៈការសម្រេចចិត្តនេះ​ ត្រូវបានធ្វើឡើង ដើម្បីតវ៉ាប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលបដិសេធគោលនយោបាយពន្ធនាំចូលរបស់រដ្ឋបាលលោក ត្រាំ ដោយផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសរសេរនៅបណ្តាញសង្គម Truth Social ថា ៖”វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំដែលទើបតែបានចុះហត្ថលេខាលើច្បាប់ពន្ធសកលថ្មី ១០% លើប្រទេសទាំងអស់ ដែលមានប្រសិទ្ធភាពស្ទើរតែភ្លាមៗ”។

យោងតាមព័ត៌មានពីសេតវិមាន ពន្ធគយថ្មីនេះនឹងត្រូវចូលជាធរមាននៅម៉ោង ០:០១នាទី ថ្ងៃទី២៤ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ១៥០ថ្ងៃ។

គួរឲ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយការប្រកាសនេះ លោក ត្រាំ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។ លោកថែមទាំងបាននិយាយទៀតថា លោកមានការខ្មាស់អៀនចំពោះសមាជិកមួយចំនួននៃតុលាការ ពីព្រោះពួកគេមិនមានភាពក្លាហានក្នុងការធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រទេសជាតិនោះឡើយ៕​