ក្រសួងការបរទេសកម្ពុជា ទាមទារឱ្យថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាតក្នុងដែនសមុទ្យកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងការបរទេសចាត់ទុកសកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕