ឧកញ៉ា ឈុន វ៉ាន់ឌី ណែនាំបុគ្គលិកក្រុមហ៊ុន កម្ពុជាតេលា ឱ្យស្វាគមន៍អតិថិជនតាមបែបវប្បធម៌ខ្មែរ ដោយការសំពះ និងផ្តល់ស្នាមញញឹម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង ក្រុមហ៊ុន កម្ពុជាតេលា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានណែនាំដល់​បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ ឱ្យទទួលស្វាគមន៍អតិថិជនតាមបែបវប្បធម៌ខ្មែរ ដោយការសំពះ ជម្រាបសួរ និងផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ជូនដល់អតិថិជនគ្រប់ៗរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់លោកឧកញ៉ាបែបនេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកម្មវិធី ប្រគល់​ប័ណ្ណសរសើរ និងផ្តល់វត្ថុអនុស្សាវរីយ៍ទៅបុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០២៥ ដើម្បីជាការតបស្នងនូវរាល់ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកប្រធានស្ថានីយ, ជំនួយការប្រធានស្ថានីយ, បុគ្គលិកសេវាកម្ម (ដៃបូម), បុគ្គលិកអនាម័យ ដែលបម្រើការងារនៅស្ថានីយប្រេងឥន្ធនៈតេលាខ្មែរកន្លងមក។

ក្នុងឱកាសនោះ លោកឧកញ៉ា ឈុន វ៉ាន់ឌី បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យបុគ្គលិកតាំងចិត្តធ្វើការឱ្យកាន់តែល្អប្រសើរលើសេវាកម្ម ទទួលការស្វាគមន៍អតិថិជនតាមបែបវប្បធម៌ខ្មែរ ដោយការសំពះ ជម្រាបសួរ និងផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ជូនដល់អតិថិជនគ្រប់ៗរូប។ ក្នុងនោះដែរ លោកឧកញ៉ា បានលើកគន្លឹះសំខាន់ដល់បុគ្គលិក ពីការទទួលបានសេវាកម្មមួយដ៏ល្អឥតខ្ចោះ (Service Excellence) រួមមាន៖ ត្រូវទទួលបានការបណ្តុះបណ្តាលទៅតាមស្តង់ដាការងារតែមួយ ដែលត្រូវអនុវត្ត និងផ្តល់សេវាកម្មដូចៗគ្នានៅតាមស្ថានីយតេលាខ្មែរ, ការដោះស្រាយបញ្ហារបស់អតិថិជនបានរហ័ស ដើម្បីឱ្យសេវាកម្មកាន់តែល្អប្រសើរ, ត្រូវមានភាពជឿជាក់ និងយកចិត្តទុកដាក់លើការងាររបស់ខ្លួនដោយត្រូវប្រកាន់ភ្ជាប់នូវវិន័យ និងមានអាកប្បករិយាល្អ, ត្រូវពង្រឹងគុណភាពសេវាកម្មឱ្យស្ថិតស្ថេរ ស្ថានីយស្អាត មានអនាម័យ និងផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។

លោកឧកញ៉ា ឈុន វ៉ាន់ឌី សង្ឃឹមជឿជាក់ថា បុគ្គលិកឆ្នើមនាពេលនេះ ជាគម្រូមួយដ៏ល្អសម្រាប់បុគ្គលិកផ្សេងទៀតឱ្យទទួលបានការលើកទឹកចិត្ត និងជម្រុញដល់បុគ្គលិកផ្សេងទៀតមើលគំរូ និងបន្តការសហការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចគោលដៅតែមួយស្របតាមផែនការរបស់ក្រុមហ៊ុនរួមគ្នា៕