ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កំពុងពិចារណាប្តឹងមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បន្ទាប់ពីបាននិយាយបង្កប់ន័យថាលោកស្រី គឺទទួលបានបញ្ជាពីមេដឹកនាំក្រុមជួញដូរគ្រឿងញៀន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” យើងកំពុងពិចារណាពីលទ្ធភាពនៃការចាត់វិធានការផ្លូវច្បាប់រួចរាល់ហើយ”។ នេះគឺចង់សំដៅទៅលើការបញ្ចេញមតិយោបល់មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk ដែលបាននិយាយបង្កប់ន័យពីការចូលដៃចូលជើងរបស់លោកស្រី ជាមួយនឹងឧក្រិដ្ឋកម្មរបស់ក្រុមក្មេងទំនើង។
គួរឲ្យដឹងថា នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម X នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Musk បានឆ្លើយតបទៅនឹងវីដេអូមួយកាលពីឆ្នាំ២០២៥ ដែលមានលោកស្រីប្រធានាធិបតី Sheinbaum និយាយអំពីអំពើហិង្សាក្រុមក្មេងទំនើង នៅក្នុងប្រទេស។
លោក Musk បានសរសេរថា៖”លោកស្រីគ្រាន់តែនិយាយអ្វីដែលមេដឹកនាំក្រុមក្មេងទំនើងប្រាប់ឲ្យលោកស្រីនិយាយប៉ុណ្ណោះ។ បើលោកស្រីមិនស្តាប់បង្គាប់ពួកគេ នោះស្ថានភាពរបស់ប្រទេសជាតិអាចនឹងកាន់តែយ៉ាប់យ៉ឺនជាងនេះ”។
យ៉ាងណាមិញ លោក Musk បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខម៉ិកស៊ិកបានឆ្មក់ចូល និងសម្លាប់មេក្លោងគ្រឿងញៀន Nemesio “El Mencho” Oseguera ដែលជាមេដឹកនាំដ៏ល្បីល្បាញនៃក្រុមជួញដូរគ្រឿងញៀន Jalisco New Generation (CJNG) ដែលបង្កការបង្កអំពើហិង្សាយ៉ាងធំ នៅក្នុងប្រទេស៕

