ម៉ិកស៊ិក ពិចារណាប្តឹងមហាសេដ្ឋី Elon Musk ពីបទបរិហាកេរ្តិ៍ប្រធានាធិបតី លោកស្រី Sheinbaum

អន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កំពុងពិចារណាប្តឹងមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បន្ទាប់ពីបាននិយាយបង្កប់ន័យថាលោកស្រី គឺទទួលបានបញ្ជាពីមេដឹកនាំក្រុមជួញដូរគ្រឿងញៀន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” យើងកំពុងពិចារណាពីលទ្ធភាពនៃការចាត់វិធានការផ្លូវច្បាប់រួចរាល់ហើយ”។ នេះគឺចង់សំដៅទៅលើការបញ្ចេញមតិយោបល់មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk ដែលបាននិយាយបង្កប់ន័យពីការចូលដៃចូលជើងរបស់លោកស្រី ជាមួយនឹងឧក្រិដ្ឋកម្មរបស់ក្រុមក្មេងទំនើង។

គួរឲ្យដឹងថា នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម X នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Musk បានឆ្លើយតបទៅនឹងវីដេអូមួយកាលពីឆ្នាំ២០២៥ ដែលមានលោកស្រីប្រធានាធិបតី Sheinbaum និយាយអំពីអំពើហិង្សាក្រុមក្មេងទំនើង នៅក្នុងប្រទេស។

លោក Musk បានសរសេរថា​៖”លោកស្រីគ្រាន់តែនិយាយអ្វីដែលមេដឹកនាំក្រុមក្មេងទំនើងប្រាប់ឲ្យលោកស្រីនិយាយប៉ុណ្ណោះ។ បើលោកស្រីមិនស្តាប់បង្គាប់ពួកគេ នោះស្ថានភាពរបស់ប្រទេសជាតិអាចនឹងកាន់តែយ៉ាប់យ៉ឺនជាងនេះ”។

យ៉ាងណាមិញ លោក Musk បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខម៉ិកស៊ិកបានឆ្មក់ចូល និងសម្លាប់មេក្លោងគ្រឿងញៀន Nemesio “El Mencho” Oseguera ដែលជាមេដឹកនាំដ៏ល្បីល្បាញនៃក្រុមជួញដូរគ្រឿងញៀន Jalisco New Generation (CJNG) ដែលបង្កការបង្កអំពើហិង្សាយ៉ាងធំ នៅក្នុងប្រទេស៕​