ក្រុមមិត្តភាពរដ្ឋសភាបារាំង នឹងបន្តជំរុញអ្នកធុរកិច្ចបារាំងឱ្យមកបោះទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ និងវិស័យសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។ លោកគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការបន្តពូនជ្រុំទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។

ជាការឆ្លើយតប លោក Thomas Lam បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោក ក៏បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមានវិស័យកសិឧស្សាហកម្ម, គណនេយ្យ និងហិរញ្ញវត្ថុ, ទេសចរណ៍, យានយន្ត និងអេឡិចត្រូនិក, សុខាភិបាល, និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

តាមរយៈជំនួបខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង បន្តរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការសកម្មភាពនានាសំដៅពង្រឹងទំនាក់ទំនងធុរជន និងធុរជន (B2B) នៃប្រទេសទាំងពីរ ជាពិសេសការចាប់យកកាលានុវត្តភាពនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាវិនិយោគ និងធុរកិច្ចឱ្យក្លាយជាព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់មួយ៕ អត្ថបទ៖ ហ្សាលីន