សម្ដេច ហ៊ុន សែន ស្វាគមន៍ចំពោះការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ខណៈអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា បានជួបពិភាក្សាការងារនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញការស្វាគមន៍ចំពោះការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង។ ក្នុងន័យនេះលោកជំទាវ បានបញ្ជាក់ថា ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក។

ជាមួយគ្នានេះ លោកជំទាវ Ulku Kocaefe បានអះអាងដែរថា ប្រទេសកម្ពុជា និងតួកគីនៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ។

ឆ្លៀតពេលនោះដែរ សម្ដេច ក៏បានយល់ស្របជាមួយលោកជំទាវដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេច ក៏បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕