ព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្ត ដែលមានលក្ខណៈខ្នាតធំ នៅក្នុងរាជធានីភ្នំពេញ នឹងប្រារព្ធជាលើកទី៣ ក្រោយជោគជ័យ២លើករួចមកហើយ។ តាមការគ្រោងទុកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក នឹងរៀបចំព្រឹត្តការណ៍តាំងពិព័រណ៍នេះ នៅអគារមង្គលការ ដឹ ព្រេមៀ សេនធ័រ សែនសុខ ចំនួន៩អគារ ពីអគារ A ដល់ អគារ I ចាប់ពីថ្ងៃទី៦,៧,៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

តាមរយៈលោក មាន សំអុល តំណាង អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានឱ្យដឹងថា កម្មវិធីពិព័រណ៍នេះ មានដៃគូរសហការចំនួន ៦០ក្រុមហ៊ុន ស្មើនឹង ១១៥ស្តង់។ ស្របពេលកំណើនប្រជាជនអាចនឹងកើន ដល់២០លាននាក់ នៅឆ្នាំ២០៣០ និង ២៥លាននាក់ នៅឆ្នាំ២០៥០ កម្មវិធីនេះមិនត្រឹមតែជាការបង្ហាញពីវិស័យ បច្ចេកវិទ្យារថយន្តប៉ុណោ្ណះទេ គឹថែមទាំងនាំ មកនូវការរួមគ្នារវាងវិស័យយានយន្តនានា នៅក្នុងប្រទេសនិងអ្នកប្រើប្រាស់ ទទួលបានពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗរបស់រថយន្ត នៃក្រុមហ៊ុននីមួយៗផងដែរ។
អតិថិជននឹងបានស្គាល់ម៉ាករថយន្តប្លែកៗ ថ្មីៗ ដែលប្រើថាមពលអគ្គិសនី កំពុងមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។

សូមជម្រាបថា អតិថិជន និងភ្ញៀវកិត្តិយស ដែលចូលរួមនៅថ្ងៃតាំងពិព័រណ៍នេះ ក៏អាចមានឱកាសទទួលបានការចាប់ឆ្នោត យករង្វាន់ផងដែរ រង្វាន់រួមមាន៖ ម៉ូតូ ទូរស័ព្ទដៃ អាយផេត UVបិតការពារកម្តៅថ្ងៃ កាមេរ៉ាឡាន បាស កាសពាក់ត្រចៀក ប្រេងម៉ាស៊ីរថយន្ត គូប៉ុងសម្រាប់ហូបអាហារជប៉ុន និងការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សំរាប់កូនក្មេងៗលេងកំសាន្តទៀតផង៕






