អាមេរិក ដាក់ពន្ធរហូតដល់ ១២៦% លើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្រេចដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា ​ឥណ្ឌូណេស៊ី និងឡាវ បន្ទាប់ពីសន្និដ្ឋានថាប្រទេសទាំងនេះបានផ្តល់ការគាំទ្រដោយមិនយុត្តិធម៌ដល់វិស័យផលិតកម្មរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសដំឡើងពន្ធលើនាំចូលបន្ទះសូឡាពីឥណ្ឌា រហូតដល់ ១២៦%​ ខណៈពីប្រទេសឥណ្ឌូណេស៊ី ចន្លោះពី ៨៦%-១៤៣% និងពីប្រទេសឡាវ ៨១%។

យ៉ាងណាមិញ សហរដ្ឋអាមេរិកអះអាងថា ការគាំទ្រទាំងនេះអនុញ្ញាតឲ្យអ្នកផលិបរទេសនាំចេញបន្ទះសូឡារបស់ពួកគេទៅក្នុងទីផ្សារអាមេរិក ក្នុងតម្លៃទាបជាងថ្លៃដើមផលិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតក្នុងស្រុក។

គួរឲ្យដឹងផងដែរថា ការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាមេរិកពីប្រទេសឥណ្ឌាបានកើនឡើងពី ៨៣,៨លានដុល្លារក្នុងឆ្នាំ២០២២ ដល់ ៧៩២,៦លានដុល្លារក្នុងឆ្នាំ២០២៤ ចំពេលមានការរឹតបន្តឹងលើការនាំចូលបន្ទះសូឡារបស់ប្រទេសចិន និងភាពរសើបរបស់ឧស្សាហកម្មនេះ​​ ទៅលើតម្លៃ។

ជម្រាបជូនថា ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងឡាវរួមគ្នាមានចំនួន ៥៧% នៃការនាំចូលបន្ទះសូឡាទាំងអស់ទៅកាន់សហរដ្ឋអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំមុន។ ហើយតម្លៃនៃការនាំចូលរួមបញ្ចូលគ្នាទាំងបីប្រទេសនោះ គឺមានចំនួន ៤,៥ពាន់លានដុល្លារ៕​