ក្រសួងពាណិជ្ជកម្ម បន្តពង្រឹងទីផ្សារក្នុងប្រទេស និងការតភ្ជាប់ទីផ្សារនាំចេញបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំរៀបចំនូវកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពង្រឹងទីផ្សារក្នុងប្រទេស និងការតភ្ជាប់ទីផ្សារនាំចេញបន្ថែមទៀត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ តាមដានវឌ្ឍនភាពការងារជំរុញទីផ្សារសម្រាប់កសិកម្មខា្នតតូច ការរៀបចំបង្កើតម៉ាកវិញ្ញាតកម្មកម្ពុជា អនុលោមភាពផលិតផលលើទីផ្សារ ព្រមទាំងការចងក្រងប្រមូលផ្តុំក្រុមអ្នកផលិតដើម្បីពង្រឹងនិងពង្រីកការផ្គត់ផ្គង់ និងតភ្ជាប់ទីផ្សារនាំចេញ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិច​ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី​ឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានកំណើន ២០,១%, និងកសិផល (មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%។

ដោយឡែក ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ, វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត៕