សម្តេចតេជោ ហ៊ុន សែន៖ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះនៅលើហ្វេសប៊ុក អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ដែរថា ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

សូមជម្រាបថា ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ នេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រទានព្រះរាជសារជូនជនរួមជាតិថា ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិ ដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕  អត្ថបទ៖ ហ្សាលីន