យោងតាមទិន្នន័យពីស្ថាប័នហិរញ្ញវត្ថុ LSEG បានបង្ហាញឲ្យដឹងថា តម្លៃជួលកប៉ាល់ដឹកប្រេងមួយគ្រឿង ដើម្បីដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ា ទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺរហូតដល់ជាង ៤០០ ០០០ដុល្លារក្នុងមួយថ្ងៃ ខណៈពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្ររវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃប្រេងសកល ក៏ដូចជាឧស្ម័នមួយចំនួនធំ បានជាប់គាំងស្ទើរតែទាំងស្រុង បន្ទាប់ពីកប៉ាល់នៅក្នុងតំបន់នោះត្រូវបានវាយប្រហារ ខណៈពេលដែលអ៊ីរ៉ង់ ប្តេជ្ញាក្នុងការសងសឹកយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
យោងតាម LSEG បានបង្ហាញឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២ ខែមីនា តម្លៃដឹកជញ្ជូនប្រេង បានកើនឡើងដល់ ៤២៣ ៧៣៦ដុល្លារក្នុងមួយថ្ងៃ។ តម្លៃនេះបានកើនឡើងទ្វេដងគិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន និងជាតម្លៃកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ និងសម្លាប់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក Ayatollah Khamenei កាលពីថ្ងៃសៅរ៍។
យ៉ាងណាមិញ ដើម្បីជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជំរុញឱ្យមានការបិទរោងចក្រប្រេង និងឧស្ម័ននៅទូទាំងមជ្ឈិមបូព៌ាជាបន្ទាន់។
មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ច្រកសមុទ្រហ័រមូសត្រូវបានបិទ ហើយអ៊ីរ៉ង់នឹងបាញ់កម្ទេចទៅលើកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់៕

