មហាសេដ្ឋី Jeff Bezos ជឿថាពេលអនាគត នឹងមានមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើអវកាស

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីពេលថ្មីៗនេះ បានព្យាករថា នៅក្នុងរយៈពេលចន្លោះពី ១០ ទៅ ២០ឆ្នាំខាងមុខ មនុស្សអាចនឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតយក្ស នៅលើទីអវកាសបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងកម្មវិធី Italian Tech Week នៅទីក្រុង Turin ប្រទេសអ៊ីតាលី​ មហាសេដ្ឋីលំដាប់កំពូលអាមេរិករូបនេះ​ ក៏បានប្រៀបធៀបការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ពោលគឺដូចគ្នាទៅនឹងការរីកចម្រើននៃអ៊ីនធើណិត នៅក្នុងអំឡុងដើមទសវត្សឆ្នាំ២០០០ ផងដែរ។

យ៉ាងណាមិញ គោលគំនិតនៃការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើទីអវកាសរបស់លោក Bezos នេះ​ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដោយសារតែកន្លែងរក្សាផ្ទុកទិន្នន័យនេះ​ អាចទាញយកថាមពលព្រះអាទិត្យទាំងស្រុង ដោយគ្មានការរំខានណាមួយនោះឡើយ។

លោក Bezos បាននិយាយទៀតថា ៖” មជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតយក្សទាំងនេះ នឹងត្រូវសាងសង់កាន់តែប្រសើរឡើងនៅក្នុងទីលំហ ពីព្រោះយើងមានថាមពលពន្លឺព្រះអាទិត្យនៅទីនោះ ២៤ម៉ោង។ វានឹងគ្មានពពក និងភ្លៀង ឬបញ្ហាអាកាសធាតុណាមួយ មករំខាននោះឡើយ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ បានបង្ហាញថា ការបាញ់បង្ហោះមជ្ឈមណ្ឌលផ្ទុកទិន្នន័យទៅក្នុងលំហ ងាចមានការប្រឈមជាច្រើន រួមទាំងការលំបាកក្នុងការថែទាំ និងការអនុវត្តការធ្វើឲ្យប្រសើរឡើង ស្របពេលតម្លៃនៃការបាញ់បង្ហោះរ៉ុក្កែត ក៏ដូចជាហានិភ័យដែលការបាញ់បង្ហោះ​ អាចនឹងងាយបរាជ័យ ផងដែរ៕​