កម្ពុជាបង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេង ក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ

សង្គម​ និង​សេដ្ឋកិច្ច

លោក សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានបណ្ដាញសមាជិកសភាវ័យក្មេង APF ក្នុងនាមជា តំណាងរដ្ឋសភាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ ជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា ប៊ែលហ្សិក  និងប្រទេសជាសមាជិកសំខាន់ៗមួយចំនួនទៀត បានបង្ហាញនូវមោទនភាពជាតិ ចំពោះការ ផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋសភាកម្ពុជា បានឱ្យដកស្រង់ការគូសបញ្ជាក់របស់ លោក សន សារ៉ាណា ថា ក្រោយ​ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបាន​ឈាន​ចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏​ច្បាស់លាស់​របស់​កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជន​ដើម្បី​កសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជា​បានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖

ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។

ទិ២. បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។

ទី៣. តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សូមបញ្ជាក់ដែរ វត្តមានរបស់ លោក សន សារ៉ាណាក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ បានលើកកម្ពស់មុខមាត់សភាកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះក្រៅពីចូលរួមកិច្ចប្រជុំ​តំណាងរដ្ឋសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេស​ប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធ​ការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕