រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលុបបំបាត់មជ្ឈមណ្ឌល Online Scam ឱ្យអស់ ត្រឹមខែមេសា ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានលើកឡើងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រកាសលុបបំបាត់ទាំងស្រុង មជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យា(Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតបរិយាកាសប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ាន់ស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ។

សម្តេចធិបតី បានបន្តថា កម្ពុជា ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន ដោយឈរលើស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខ័ណ្ឌគតិយុត្ត និងការកែទម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយ តាមរយៈ ការបង្កើតទំនុកចិត្ត សម្រាប់ជំនឿទុកចិត្ត និង ធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុចរិតភាព ក្នុងបរិយាកាសវិនយោគ»

សូមរម្លឹកដែរថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមក បានបង្រ្គាប់ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ ហ្សាលីន