យោងតាមរដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Bahil Lahadalia បាននិយាយថា ប្រទេសរបស់លោក គ្រោងនឹងបង្កើនការនាំចូលប្រេងឆៅពីសហរដ្ឋអាមេរិកមកបន្ថែមទៀត ដើម្បីជំនួសការផ្គត់ផ្គង់មួយចំនួនពីមជ្ឈិមបូព៌ា ក្នុងពេលមានសង្គ្រាមកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ដែលកំពុងបន្តកើតមានបានសម្លាប់ជនស៊ីវិលជាច្រើននាក់នៅអ៊ីរ៉ង់ អ៊ីស្រាអែល និងលីបង់ ដែលបានធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសពិភពលោកធ្លាក់ចូលក្នុងភាពវឹកវរ និងបានធ្វើឲ្យតម្លៃប្រេងកើនឡើងបន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រកពាណិជ្ជកម្មប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកលាតសន្ធឹងតាមឆ្នេរសមុទ្រអ៊ីរ៉ង់។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីថាមពល Bahlil បាននិយាយថា មួយភាគបួននៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូណេស៊ីគឺមកពីមជ្ឈិមបូព៌ា ខណៈតំបន់នេះក៏មានចំណែក ៣០% នៃការនាំចូលឧស្ម័នធម្មជាតិរាវ (LPG) របស់ប្រទេសផងដែរ។
មិនតែប៉ុណ្ណោះ លោក Bahlil បានបន្ថែមថា កប៉ាល់ពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pertamina ដែលជាក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី បានជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz ហើយប្រទេសឥណ្ឌូណេស៊ីកំពុងព្យាយាមប្រើប្រាស់មធ្យោបាយការទូតដើម្បីយកកប៉ាល់ទាំងនោះចេញ។
លើសពីនេះ លោក Bahlil បាននិយាយថា ការនាំចូលឧស្ម័ន LPG មួយចំនួនក៏នឹងមានប្រភពមកពីតំបន់ក្រៅមជ្ឈិមបូព៌ាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅមិនទាន់បានបញ្ជាក់ថាប្រទេសឥណ្ឌូណេស៊ីនឹងនាំចូលពីអ្នកណានោះឡើយ៕

