(ភ្នំពេញ)៖ កម្ពុជា បានធានាផ្គត់ផ្គង់ប្រេងដល់ប្រជាពលបានរយៈពេលមួយខែទៀត ក្នុងករណីមិននាំចូលពីបរទេស។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកហក់ឡើងថ្លៃខ្ពស់ភ្លាមៗ ដោយសារអ៊ឺរ៉ង់បានបិទច្រកផ្លូវសមុទ្រ Hormuz មិនឱ្យនាវាធ្វើចរាចរណ៍ដឹកជញ្ជូនប្រេង។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងដែរថា ក្នុងរយៈពេល១០ថ្ងៃខាងមុខ លោករំពឹងទុកថាតម្លៃប្រេងនឹងអាចហក់ឡើងថ្លៃខ្ពស់ ដោយសារតែអ៊ឺរ៉ង់បិទច្រកសមុទ្រ Hormuz ហើយសង្គ្រាមអាចនឹងអូសបន្លាយរយៈ២សប្តាហ៍បន្ថែមទៀត។
យ៉ាងណាមិញលោក ប៉ែន សុវិជាតិ បានអះអាងថា មកទល់បច្ចុប្បន្ននេះ កម្ពុជានៅមានប្រេងឥន្ធនៈផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នៅឡើយ។ ប្រេងឥន្ធនៈទាំងនោះ គឺផ្អែកលើតម្លៃទីផ្សារចាស់ ខណៈកម្ពុជាមានសន្និធិប្រេងធានាដល់ផ្គត់ផ្គង់ទីផ្សាររយៈពេលមួយខែ ក្នុងករណីមិនអាចនាំចូលប្រេងពីបរទេសបាន។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការនាំចូលប្រេងឥន្ធនៈ កាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥ គឺមានចំនួន ៣ ០៦២ ៥១៦តោន៕



