ព្រឹទ្ធសភាអាមេរិក បោះឆ្នោតប្រឆាំងនឹងការរឹតបន្តឹងអំណាចរបស់លោក ត្រាំ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

អន្តរជាតិ

ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបដិសេធសំណើមួយដើម្បីកំណត់អំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្តវាយប្រហារលើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីបើកការវាយលុករួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក Tim Kaine និងសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Rand Paul បានស្នើដំណោះស្រាយមួយដើម្បីកំណត់អំណាចរបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងជម្លោះនេះ។

ដំណោះស្រាយនេះបានទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុងជម្លោះ លុះត្រាតែសភាអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ ព្រឹទ្ធសភាអាមេរិក ដែលគណបក្សសាធារណរដ្ឋកាន់កាប់ភាគច្រើន បានបោះឆ្នោតសម្រេចក្នុងលទ្ធផល ៥៣-៤៧ នៅថ្ងៃទី៤ ខែមីនា ប្រឆាំងនឹងការអនុម័តសំណើនេះ។

ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងប្រាំថ្ងៃបន្ទាប់ពីជម្លោះនៅអ៊ីរ៉ង់បានរីករាលដាលយ៉ាងឆាប់រហ័ស។ គណបក្សប្រជាធិបតេយ្យបានអះអាងថា លោក ត្រាំ បានធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញដោយរំលងសភាដើម្បីបញ្ជាឲ្យមានយុទ្ធនាការវាយប្រហារតាមអាកាស។ ទន្ទឹមនឹងនេះ គណបក្សប្រជាធិបតេយ្យក៏បានអះអាងផងដែរថា រដ្ឋបាលបានផ្តល់យុត្តិកម្មផ្ទុយគ្នាសម្រាប់សង្គ្រាម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋបានគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដោយអះអាងថាសកម្មភាពរបស់លោកគឺស្របច្បាប់ និងស្ថិតនៅក្នុងអំណាចរបស់លោកក្នុងនាមជាអគ្គមេបញ្ជាការ។ សមាជិកព្រឹទ្ធសភា លោក Lindsey Graham បានថ្លែងថា ការវាយប្រហារទាំងនេះគឺចាំបាច់ដើម្បីការពារអ៊ីរ៉ង់ពីការអភិវឌ្ឍមីស៊ីលបន្ថែមទៀត និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិក៕​