តុលាការសិង្ហបុរី កាលពីថ្ងៃពុធ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ស្ថាបនិកក្រុមហ៊ុនប្រេងខ្នាតយក្ស Hin Leong លោក Lim Oon Kuin ឬត្រូវបានស្គាល់ថា OK Lim មកនៅត្រឹម ១៣ឆ្នាំកន្លះ បន្ទាប់ពីតុលាការជាន់ខ្ពស់អនុញ្ញាតឲ្យលោកប្តឹងឧទ្ធរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ចៅក្រមលោក Hoo Sheau Peng បាននិយាយថា ការកាត់ទោសដំបូងដែលមានរយៈពេល ១៧ឆ្នាំកន្លះ គឺមានសភាពធ្ងន់ធ្ងរ សូម្បីតែបន្ទាប់ពីមានការលើកលែងទោសមួយចំនួនហើយក៏ដោយ។
លោក Lim ដែលគេស្គាល់ច្បាស់ថា O.K. Lim ត្រូវបានកាត់ទោសក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ លើបទចោទប្រកាន់ពីរករណីនៃការក្លែងបន្លំ និងមួយករណីនៃការគាំទ្រការក្លែងបន្លំ ជាអ្វីដែលរដ្ឋអាជ្ញាបានពិពណ៌នាថាជាករណីមួយដ៏ធ្ងន់ធ្ងរបំផុតនៃការក្លែងបន្លំហិរញ្ញប្បទានពាណិជ្ជកម្មដែលធ្លាប់ត្រូវបានកាត់ទោសនៅក្នុងប្រទេសសិង្ហបុរី។
លោក Lim ត្រូវបានគេរកឃើញថាបានបោកប្រាស់ធនាគារ HSBC ឲ្យចំណាយទឹកប្រាក់ចំនួន ១១១,៦លានដុល្លារ ទៅឲ្យក្រុមហ៊ុន Hin Leong ដោយផ្អែកលើកិច្ចសន្យាលក់ប្រេងក្លែងក្លាយចំនួនពីរ។ លោកក៏ត្រូវបានគេរកឃើញថាបានណែនាំអតីតបុគ្គលិកម្នាក់ឲ្យក្លែងបន្លំឯកសារដែលភ្ជាប់ទៅនឹងការបោកប្រាស់មួយចំនួនទៀតផងដែរ៕

