អតីមហាសេដ្ឋីប្រេងសិង្ហបុរី OK Lim ត្រូវបានតុលាការសម្រេចកាត់បន្ថយទោស ៤ឆ្នាំ ពីបទក្លែងបន្លំ

អន្តរជាតិ

តុលាការសិង្ហបុរី កាលពីថ្ងៃពុធ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ស្ថាបនិកក្រុមហ៊ុនប្រេងខ្នាតយក្ស Hin Leong លោក Lim Oon Kuin ឬត្រូវបានស្គាល់ថា OK Lim មកនៅត្រឹម ១៣ឆ្នាំកន្លះ បន្ទាប់ពី​តុលាការ​ជាន់​ខ្ពស់​អនុញ្ញាត​ឲ្យ​លោក​ប្តឹង​ឧទ្ធរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅក្រមលោក Hoo Sheau Peng បាននិយាយថា ការកាត់ទោសដំបូងដែលមានរយៈពេល ១៧ឆ្នាំកន្លះ គឺមានសភាពធ្ងន់ធ្ងរ សូម្បីតែបន្ទាប់ពីមានការលើកលែងទោសមួយចំនួនហើយក៏ដោយ។

លោក Lim ដែល​គេ​ស្គាល់​ច្បាស់​ថា O.K. Lim ត្រូវ​បាន​កាត់​ទោស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លើ​បទ​ចោទ​ប្រកាន់ពីរ​ករណី​នៃ​ការ​ក្លែង​បន្លំ និង​មួយ​ករណី​នៃ​ការ​គាំទ្រ​ការ​ក្លែង​បន្លំ ​ជា​អ្វី​ដែល​រដ្ឋអាជ្ញា​បាន​ពិពណ៌នា​ថា​ជាករណី​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​ការ​ក្លែង​បន្លំ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក​ Lim ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​បោកប្រាស់ធនាគារ HSBC ឲ្យ​ចំណាយ​ទឹកប្រាក់ចំនួន ១១១,៦​លាន​ដុល្លារ​ ទៅ​ឲ្យក្រុមហ៊ុន Hin Leong ដោយ​ផ្អែក​លើ​កិច្ចសន្យា​លក់​ប្រេង​ក្លែងក្លាយ​ចំនួនពីរ។ លោកក៏ត្រូវបានគេរកឃើញថាបានណែនាំអតីតបុគ្គលិកម្នាក់ឲ្យក្លែងបន្លំឯកសារដែលភ្ជាប់ទៅនឹងការបោកប្រាស់មួយចំនួនទៀតផងដែរ៕​