វិនិយោគិន មកពីសាធារណរដ្ឋកូរ៉េ មានបំណងវិនិយោគលើបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនីនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.)ជាមួយគណៈប្រតិភូវិនិយោគិន មកពីសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានឱ្យដឹងថា គណៈប្រតិភូវិនិយោគិន មកពីសាធារណរដ្ឋកូរ៉េ មានបំណងចង់ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនី។
នៅក្នុងឱកាសកិច្ចពិភាក្សាខាងលើនេះ លោកអគ្គលេខាធិការរង ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនកូរ៉េ ដែលបានសម្លឹងឃើញកម្ពុជា ជាគោលដៅវិនិយោគចម្បងរបស់ខ្លួន។ ទន្ទឹមនេះ លោក ក៏បានជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងជាពិសេសការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងជំរុញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។
សូមជម្រាបដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា៕អត្ថបទ៖ ហ្សាលីន



