សម្តេចធិបតី៖ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយដល់ជួរមុខ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទៅជួយដល់ជួរមុខ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមអនុសាសន៍ របស់ សម្ដេចកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។

​យ៉ាងណាមិញ សម្តេចធិបតី បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពការផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ទៅកាន់ជួរមុខនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង៕ អត្ថបទ៖ហ្សាលីន