រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីពេលថ្មីៗនេះ បានអះអាងថា កាប្រើប្រាស់កងកម្លាំងមិនមែនជាដំណោះស្រាយនោះទេ ហើយជម្លោះប្រដាប់អាវុធនឹងបង្កើតតែវិបត្តិថ្មីបន្ថែមទៀតនៅមជ្ឈិមបូព៌ាប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily ។

លោក Wang Yi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ប្រទេសចិនថា ៖”នេះជាសង្គ្រាមដែលមិនគួរកើតឡើងតាំងពីដំបូងឡើយ ជាសង្គ្រាមដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់នោះឡើយ”។ លោកក៏បានអំពាវនាវឲ្យបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ការកើនឡើង និងចៀសវាងជម្លោះកាន់តែរីកធំ។
មិនតែប៉ុណ្ណោះ ប្រមុខការទូតចិន បានសង្កត់ធ្ងន់ទៀតថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ក៏ដូចជាប្រទេសទាំងអស់នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ត្រូវតែគោរព និងមិនត្រូវរំលោភបំពានឡើយ។ ហើយអំណាចមិនបង្កើតយុត្តិធម៌នោះទេ។ ជនស៊ីវិលក៏មិនត្រូវអនុញ្ញាតឲ្យក្លាយជាជនរងគ្រោះទេផងដែរ។
ជម្រាបជូនថា ទីក្រុងប៉េកាំងបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសដែលខ្លួនមានទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ហើយបានថ្កោលទោសជាពិសេសចំពោះការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេនី ផងដែរ៕

