ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន Nissan កាលពីពេលថ្មីៗនេះ បានប្រកាសពីការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន រហូតដល់ចំនួន ៤,៥ពាន់លានដុល្លារ និងថែមទាំងបានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកនៅទូទាំងពិភពលោក ដល់រាប់ម៉ឺននាក់ ទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Nissan កំពុងមានគម្រោងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួនប្រមាណ ១៥% ឬស្មើនឹងចំនួន ២០ ០០០ នាក់ បន្ទាប់ពីប្រាក់ចំណូលប្រចាំឆ្នាំមានការធ្លាក់ចុះខ្លាំង និងថែមទាំងបានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយសារតែផែនការពន្ធគយអាមេរិក ផងដែរ។
នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន បានរាយការណ៍ថា ការខាតបង់សរុបរបស់ខ្លួន សម្រាប់ឆ្នាំហិរញ្ញវត្ថុ គិតត្រឹមខែមីនា ឆ្នាំ២០២៥ កន្លងទៅ មានចំនួន ៦៧១ពាន់លានយ៉េន ឬស្មើនឹងប្រមាណ ៤,៥ពាន់លានដុល្លារ។
ជុំវិញចំនួននេះ ត្រូវបានបានចាត់ទុកថាជាការខាតបង់ប្រចាំឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ Nissain ពោលគឺចាប់តាំងពីឆ្នាំ១៩៩៩-២០០០ មក ដែលមានចំនួនខាតបង់សរុប ៦៨៤ពាន់លានយ៉េន ឬស្មើនឹងប្រមាណជាង ៥ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ ជុំវិញការខាតបង់ដ៏ធំនេះ ក្រុមហ៊ុន Nissan ហាក់មិនបានចេញការព្យាករទុក អំពីប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២០២៦ នេះនោះឡើយ ដោយគ្រាន់តែរំពឹងថា ការលក់របស់ខ្លួន អាចកើនឡើងដល់ចំនួន ១២,៥ទ្រីលានយ៉េន៕