នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ជាមួយ លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកអនុប្រធានទី១ បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។

លោក ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ លោកក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។
គួរឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានឱ្យដឹងថា យោធាថៃបានទម្លាក់គ្រាប់បែក ៥គ្រាប់ ចេញពីយន្តហោះចម្បាំងប្រភេទT-50 ចូលក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ យន្តហោះចម្បាំងម៉ាក T-50TH គឺជាយន្តហោះដែលផលិតនៅកូរ៉េ ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងមុខងារជាយន្តហោះចម្បាំង៕


