កម្ពុជា​នឹងទទួលបានចំណូលចូលជាតិប្រមាណជាង១៥០០លានដុល្លារ ពីការវិនិយោគលើគម្រោងទាញយករ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានឹងទទួលបានចំណូលជាថវិកាជាតិប្រមាណជាង១៥០០លានដុល្លារនិងការងារសម្រាប់យុវជនជាច្រើនពីគម្រោងរ៉ែមាសក្រុមហ៊ុនអូស្ត្រាលីដែលប្រតិបត្តិការនាពេលបច្ចុប្បន្ននិង១៥ឆ្នាំទៅមុខ នៅខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ នេះជាការលើកឡើងរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ រតនៈ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ជាជំហានមួយក្នុងការកែប្រែសក្តានុពលរ៉ែមាស ទៅជាតម្លៃសេដ្ឋកិច្ចពិតប្រាកដសម្រាប់ប្រទេស ពង្រឹងសេដ្ឋកិច្ចកម្ពុជាឱ្យទំនើប និងមានលក្ខណៈពិពិធកម្ម។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនផលិតមាសនាំមុខគេនៅកម្ពុជា ដោយកំពុងដំណើរការអាជីវកម្មនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី និងកំពុងអភិវឌ្ឍន៍គម្រោងនៅតំបន់មេមត់ ខេត្តត្បូងឃ្មុំ។

លោកបន្តថា តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន បូករួមជាមួយប្រតិបត្តិការដ៏ជោគជ័យនៃអាជីវកម្មរបស់គម្រោងខាងលើដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចនិងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបាន បន្តគាំទ្រដោយអនុញ្ញាតឱ្យក្រសួងរ៉ែនិងថាមពលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែចំនួន ០២ ន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមាន (១) កិច្ចព្រមព្រៀង កែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោងអណ្ដូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០ តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤ តោន។

លោកបន្តទៀតថា គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ មាណ ១ ០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង(២) កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោន ក្នុងអាយុកាល៧ឆ្នាំនៃអណ្តូងរ៉ែបើក។ គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និង វិស័យឯកជនក្នុងការអភិវិឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០ កន្លែង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែនិងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីឆ្នាំ២០១៩។ គម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ ពីឆ្នាំ២០២១មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ធបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់៕