លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព ដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ។ លោកបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

លោក ឌិត ទីណា បានលើកឡើងថា ស្ថិតក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ឯកឧត្តម បានសម្តែងការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡេីង ដើម្បីជាការចងចាំនិងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ឆ្លៀតឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយ ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់៕ អត្ថបទ៖ ហ្សាលីន


