ADB បានអនុម័តទឹកប្រាក់ ៨២,៥ លានដុល្លារ សម្រាប់ដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនាថ្ងៃទី៧ ខែតុលានេះថា ដោយមានសហហិរញ្ញប្បទានពី មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាតរបស់ប្រទេស ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។ 

កម្មវិធីដំណាក់កាលទីមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំវិស័យថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែលរួមចំណែកធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅដ្ឋាន។

ADB បានបន្ថែមថា កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម មូលនិធិបង្វិលនេះត្រូវបានរំពឹងថានឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា។

នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ADB មានកិត្តិយសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរប្រកបដោយមហិច្ឆិតា និងការផ្លាស់ប្តូរក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទានកំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រគោលនយោបាយជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹងគាំទ្រការប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះរួមបញ្ចូលទាំងគោលដៅនៃការសម្រេចបាននូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញប្រសិទ្ធភាពថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ដើម្បីធានាថាកំណើនរបស់កម្ពុជានៅតែមាននិរន្តរភាព។»

លោកបន្តថា កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត៕