ចិន នឹងជួយដល់គម្រោងធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

សាធារណរដ្ឋប្រជាមានិតចិន នឹងជួយដល់គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្សាយចេញកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

គម្រោងនេះ ត្រូវបានចុះចុះហត្ថលេខាលើ លិខិតប្តូរសារ ដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ៕ អត្ថបទ៖ ហ្សាលីន