កម្ពុជា​-​ឡាវ​ ប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា​-​ឡាវ​ បានសម្រេចឯកភាពគ្នាថា នឹងប្តេជ្ញា​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោកឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រីឡាវ បានលើកឡើងថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាង​ដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ លោកក៏បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ​ តាមបណ្ដាខេត្តជាប់ព្រំដែន​ នៃប្រទេស​ទាំងពីរ​ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព​ និងសណ្តាប់ធ្នាប់​ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ លោកក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្ដេចធិបតីថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ​ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

តាមរយៈជំនួបនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ​ ដែលនឹងចូលរួមចំណែកគាំទ្រ​ដល់ការតភ្ជាប់​ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន