វិស័យឯកជនមានសេចក្តីសង្ឃឹមកាន់ខ្ពស់ ទៅលើការដាក់ឱ្យដំណើរអាកាសយាដ្ឋានលំដាប់អន្តរជាតិថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

ការបើកដាក់ឱ្យដំណើរជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការគ្រោងទុកនេះ បានធ្វើឱ្យវិស័យឯកជនដែលរកទទួលទាននៅក្នុងវិស័យទេសចរណ៍មានសេចក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការទទួលបាននៅចំនួនភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជានាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ខៃ ចិន្តា ទីប្រឹក្សាសមាគមសណ្ឋាគារកម្ពុជាយល់ឃើញថា ការបើកសម្ពោធឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងជួយជំរុញវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនព្រោះថាអាកាសយានដ្ឋានអន្តរជាតិខ្នាតធំទី១ មាននៅកម្ពុជាដែលផ្តល់លទ្ធភាពដល់ជើងហោះហើរបានច្រើនក្នុងមួយថ្ងៃៗ ហើយយន្តហោះធំៗដែលដឹកអ្នកដំណើរបានច្រើននឹងមកចុះចតនៅក្នុងទឹកដីកម្ពុជា ដោយសារមានយន្តហោះធំៗហោះហើរពីប្រទេសនានាពេញលើពិភពលោកនឹងជំរុញឱ្យកម្ពុជាមានជើងយន្តហោះហើរផ្ទាល់ដោយមិនចាំបាច់់ដូរយន្តហោះនៅប្រទេសជិតខាងទៀតដូចមុនឡើយ។

ម្យ៉ាងវិញទៀតសំបុត្រយន្តហោះផ្ទាល់ពីប្រទេសមួយមកដល់ទិសដៅមួយដោយមិនមានចុះសំចតនៅប្រទេសណាមួយទេនោះសំបុត្រយន្តហោះនឹងមានតម្លៃល្អជាងសំបុត្រយន្តហោះដែលហោះដោយឆ្លងកាត់ចុះចតដូរយន្តហោះនៅប្រទេសផ្សេងទៀត។ការប្រើប្រាស់ព្រលានយន្តហោះធំថ្មីនេះនឹងធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរណ៍បានច្រើននាពេលខាងមុខ ព្រោះថាភ្ញៀវទេសចរណ៍នឹងមានជម្រើសជើងហោះហើរសម្បូរបែប។ អ្នកស្រីបានបញ្ជាក់បន្ថែម។

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាប មានភាពជឿជាក់ថា នឹងមាន direct flights កាន់តែច្រើនដែលជាឱកាសកាន់តែល្អប្រសើរក្នុងការទាក់ទាញទេសចរ។ យើងជឿជាក់កាន់តែខ្លាំងថាវិស័យមួយនេះនឹងជួយឱ្យសេដ្ឋកិច្ចខេត្តសៀមរាបបានប្រសើរក្នុងពេលដ៏ខ្លី។យើងខ្ញុំគាំទ្រនិងសប្បាយចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីៗនេះដែលរដ្ឋបានដាក់ចេញ មានការលើកលែងការតអាជ្ញាប័ណ្ណដល់មគ្គុទ្ទេសក៍ ជាដើម។

លោកធឿន វុឌ្ឍី បានសំណូមពរថា ប្រតិបត្តិករ ទេសចរណ៍ ទាំងក្រុមហ៊ុន ទាំងបងប្អូនមគ្គុទ្ទេសក៍, អ្នកបើកបរមន្ត្រីអន្តោប្រវេសន៍ ពង្រឹងបន្ថែមនូវក្រមសីលធម៌វិជ្ជា បង្កើនស្នាមញញឹមដល់ភ្ញៀវទេសចរ។ក្នុងដំណាក់កាលនេះ រដ្ឋគួរបន្ថយតម្លៃសំបុត្រទស្សនាប្រាសាទ, លើកលែងទិដ្ឋាការ, បន្ថយពន្ធលើព្រលានយន្តហោះ។

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងនៅក្នុងហ្វេសប៊ុករបស់លោកថា ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ កម្ពុជាបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០ ០០០តោនក្នុងឆ្នាំ២០២៤ និង២៦ ០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២ ៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ អត្ថបទ៖ សារេត