ក្រុមហ៊ុន MinebeaMitsumi Co., Ltd ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន និងកំពុងវិនិយោគនៅកម្ពុជា បានលើកឡើងថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាម្ពុជា ជាមួយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

ឱកាសនោះលោកប្រធានក្រុមហ៊ុន MinebeaMitsumi Co., Ltd បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបនៅក្នុងឱកាសនេះ ខណៈលោកក៏បានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា និងថៃ វាបានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។
លោកក៏បានរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ លោកបានលើកឡើងថា ក្រុមហ៊ុនមានីបៀបានបើករោងចក្រពីរកន្លែងហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ លោកបន្ថែមដែរថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយពេលដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធុនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។ សម្ដេចតេជោពិតជារីករាយនៅពេលដែលក្រុមហ៊ុនចង់ពង្រីកលទ្ធភាព នៃការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ក៏បញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា សូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន

