រដ្ឋាភិបាលរបស់ប្រទេសកាណាដា កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យ TikTok បន្តដំណើរការ នៅក្នុងប្រទេសកាណាដា រួមទាំងការអនុញ្ញាតឲ្យមានការវិនិយោគបន្ថែមផងដែរ បន្ទាប់ពីកម្មវិធីកម្សាន្តនេះ បានបញ្ចប់ការពិនិត្យសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រី Melanie Joly រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តនេះគឺអាស្រ័យលើការសន្យាថ្មីដែលមានកាតព្វកិច្ចផ្លូវច្បាប់ដែលផ្តល់ដោយ TikTok Canada។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ នឹងការពារការងាររបស់ប្រទេសកាណាដា ដោយធានាថា TikTok Canada អាចរក្សាវត្តមានជាក់ស្តែងនៅក្នុងប្រទេស ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យវប្បធម៌របស់ខ្លួន។
គួរឲ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្មកាណាដា បានបញ្ជារំសាយអាជីវកម្មរបស់ TikTok ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។
ប៉ុន្តែទោះជាយ៉ាងណាតុលាការសហព័ន្ធរបស់ប្រទេសកាណាដាកាលពីខែមករា បានលុបចោលបទបញ្ជារបស់រដ្ឋាភិបាលនេះវិញ ដោយអនុញ្ញាតឲ្យ TikTok អាចបន្តដំណើរការបាន ហើយបានប្រាប់រដ្ឋាភិបាលទីក្រុង Ottawa ឲ្យពិនិត្យមើលឡើងវិញនូវករណីនេះ។
ជម្រាបជូនថា ប្រទេសកាណាដា និងប្រទេសដទៃទៀតបាននិងកំពុងត្រួតពិនិត្យ TikTok ដោយសារតែការព្រួយបារម្ភថាប្រទេសចិនអាចប្រើប្រាស់កម្មវិធីនេះដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន។ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance៕

