ការដោះដូរទំនិញកម្ពុជា-ថៃ ​មានទំហំទឹកប្រាក់ជាង ​៤០០ ​លានដុល្លារ ​ធ្លាក់ចុះជាង ៤០%​

អន្តរជាតិ

រយៈពេល ២​ខែ ​ដើមឆ្នាំ២០២៦ ការ​ដោះដូរទំនិញរវាង​កម្ពុជា និងប្រទេសថៃ​ សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់ចំនួន​ ៤៣១ ​លានដុល្លារ ​ ​ធ្លាក់ចុះ ៤២,៣% ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​នៅ​ឆ្នាំ​២០២៥ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​តម្លៃ​ជាង ១១២ លានដុល្លារ ធ្លាក់ចុះជិត ៣០% ​រីឯការនាំចូល​មកវិញ​មាន​តម្លៃ​ជាង ៣១៨ ​លានដុល្លារ ​ធ្លាក់ចុះ ៤៥,៧%។ ​នេះបើយោង​តាម​អគ្គនាយក​រដ្ឋានគយ និង​រដ្ឋា​ករ​កម្ពុជា នៅថ្ងៃទី១០ ​ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គុណ ញឹម ​បនាឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ស្ថាន​ភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានភាពប្រក្រតី ប៉ុន្តែ​បន្ទាប់ពីមានការបិទ​ព្រំដែន​ចាប់​ពី​ឆមាសទី២​ ការដោះដូរទំនិញបានធ្លាក់ចុះយ៉ាងគំហុក។

​លោកបណ្ឌិត បានបញ្ជាក់ថា ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់​ ទំនិញ​ដែល​ហាមឃាត់​ធ្លាក់​ចុះ​ដល់សូន្យ ប្រេងឥន្ធនៈ ​និង​ឧស្ម័ន​គឺធ្លាក់ចុះ​ដល់​សូន្យ​តែម្ដង ខណៈទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ ​មានទំនិញប្រើ​ប្រាស់​ប្រចាំថ្ងៃ ​និង​ផលិតផលកមន្តកម្មន្តសាល។

ប្រភេទទំនិញ​មួយ​ក្រុមទៀត ​ដូចជា គ្រឿងម៉ាស៊ីន ​និង​ធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿង​យន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅ​មាន​ការ​នាំចូលដើម្បីបម្រើវិស័យរបស់យើង ​ដែលជាធាតុចូលផលិតកម្ម​របស់ក្រុមហ៊ុនវិនិយោគធំៗ ​មួយ​ចំនួន ​ដូចជាក្រុមហ៊ុន​មេនីបៀ ​ក្រុមហ៊ុន ​DENSO ​ជាដើម ​ដែល​មិនមែន​ជាទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​ ​នៅ​​ឆ្នាំ​២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ​សម្រេច​បាន​នូវទំហំទឹកប្រាក់ ៣,៦៥ ​ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ​៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕​