រយៈពេល ២ខែ ដើមឆ្នាំ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងប្រទេសថៃ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៤៣១ លានដុល្លារ ធ្លាក់ចុះ ៤២,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ១១២ លានដុល្លារ ធ្លាក់ចុះជិត ៣០% រីឯការនាំចូលមកវិញមានតម្លៃជាង ៣១៨ លានដុល្លារ ធ្លាក់ចុះ ៤៥,៧%។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមីនានេះ។

លោកបណ្ឌិត គុណ ញឹម បនាឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានភាពប្រក្រតី ប៉ុន្តែបន្ទាប់ពីមានការបិទព្រំដែនចាប់ពីឆមាសទី២ ការដោះដូរទំនិញបានធ្លាក់ចុះយ៉ាងគំហុក។
លោកបណ្ឌិត បានបញ្ជាក់ថា ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់ ទំនិញដែលហាមឃាត់ធ្លាក់ចុះដល់សូន្យ ប្រេងឥន្ធនៈ និងឧស្ម័នគឺធ្លាក់ចុះដល់សូន្យតែម្ដង ខណៈទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ មានទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកមន្តកម្មន្តសាល។
ប្រភេទទំនិញមួយក្រុមទៀត ដូចជា គ្រឿងម៉ាស៊ីន និងធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅមានការនាំចូលដើម្បីបម្រើវិស័យរបស់យើង ដែលជាធាតុចូលផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗ មួយចំនួន ដូចជាក្រុមហ៊ុនមេនីបៀ ក្រុមហ៊ុន DENSO ជាដើម ដែលមិនមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕



