លោក ត្រាំ និយាយថា​អាមេរិក នឹងរឹបអូសយកកោះ Kharg ដែលជាខ្សែជីវិតប្រេងរបស់អ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក គ្រោងនឹងបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ និងខ្លាំងក្លា ទៅលើអ៊ីរ៉ង់ ហើយក៏បានលើកឡើងពីលទ្ធភាពក្នុងការរឹបអូសយកកោះ Kharg ដែលទីតាំងស្តុកទុកប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី១១ មិថុនាថា ៖”យោធាសហរដ្ឋអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លានៅពេលដ៏ខ្លីនេះ។ ហើយនៅចំណុចណាមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ សហរដ្ឋអាមេរិក ក៏នឹងរឹបអូសយកកោះ Kharg និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ដោយគ្រប់គ្រងទីផ្សារប្រេងរបស់ពួកគេទាំងស្រុង ដូចអ្វីដែលយើងបានធ្វើជាមួយប្រទេសវេណេស៊ុយអេឡាអ៊ីចឹងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសេតវិមានរូបនេះ មិនបានបញ្ជាក់លម្អិតអំពីរបៀបដែលសហរដ្ឋអាមេរិក នឹងគ្រប់គ្រងលើកំពង់ផែនាំចេញប្រេងរបស់អ៊ីរ៉ង់នោះទេ។ លោកបានបន្ថែមទៀតថា កងទ័ពជើងទឹក កងទ័ពអាកាស ប្រព័ន្ធការពារដែនអាកាស និងទម្រង់ការពារផ្សេងទៀត ក៏ដូចជាសមត្ថភាពវាយលុកភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយ Fox News នៅថ្ងៃដដែលនោះ ប្រធានាធិបតី លោក ត្រាំ បានននិយាយថា អាទិភាពរបស់លោក គឺតែងតែចង់ដណ្តើមយកកោះ Kharg មកគ្រប់គ្រងឲ្យបាន។

កោះ Kharg មានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ និងជាង ៤៨០ គីឡូម៉ែត្រពីច្រកសមុទ្រ Hormuz។ វាមានប្រវែងត្រឹមតែ ៦ គីឡូម៉ែត្រប៉ុណ្ណោះ និងគ្របដណ្តប់លើផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ។ រោងចក្រនៅលើកោះ Kharg មានសមត្ថភាពកែច្នៃប្រេងចំនួន ៧ លានបារ៉ែលក្នុងមួយថ្ងៃ ហើយប្រហែល ៩០% នៃការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ គឺត្រូវឆ្លងកាត់កោះនេះ ដែលភាគច្រើនត្រូវបានលក់ទៅឱ្យអាស៊ី ជាពិសេសប្រទេសចិន។

ជម្រាបជូនថា ដោយសារតែសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ត្រូវបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញថាមពលចេញពីកោះនេះ​ Kharg ត្រូវបានចាត់ទុកថាជា “ខ្សែជីវិតប្រេង” និងជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលរបស់អ៊ីរ៉ង់៕​