មន្រ្តីជាន់ខ្ពស់ CDC ស្នើឱ្យសមាគមវាយនភណ្ឌ សម្លៀកបំពាក់នៅកម្ពុជា គិតគូរលើរឿងសំខាន់ចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើទៅកាន់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ឱ្យគិតគូរលើរឿងសំខាន់ៗចំនួន២ ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសំណើររបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនំាដោយលោក Enjoy Ho ប្រធានសមាគម កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក Enjoy Ho បានជម្រាបថា សមាគមលោកបានប្រែក្លាយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជាសមាគម TAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ។ លោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគម និង CDC នាពេលកន្លងមក ព្រមទាំងបានស្នើសុំ ក.អ.ក. ឱ្យបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត។

ជាការឆ្លើយតប លោក ជា វុទ្ធី អគ្គលេខាធិការ បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពរបស់សមាគមនាពេលកន្លងដែលបានចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញនូវឆន្ទៈក្នុងការរក្សានូវកិច្ចសហការល្អជាមួយសមាគម។

ដើម្បីឱ្យសមាគមមានសកម្មភាពថ្មីគួរឱ្យកត់សម្គាល់ក្នុងអាណត្តិថ្មី លោក ក៏បានស្នើឱ្យសមាគមគិតគូរលើរឿងចំនួន២៖ ទី១-ធ្វើការគិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ និងទី២-ធ្វើការគិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។ អត្ថបទ៖ ហ្សាលីន