ផលិតផលកសិកម្មវៀតណាម ប្រឈមមុខខាតបង់ដល់ ៨ពាន់លានដុល្លារ ដោយជម្លោះនៅមជ្ឈិមបូព៌ា

អន្តរជាតិ

ការនាំចេញកសិកម្មរបស់វៀតណាមអាចរងការខាតបង់ពីចន្លោះពី ៧ទៅ៨ពាន់លានដុល្លារ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយដល់មួយខែ ទៅមួយឆ្នាំ ដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងកសិកម្ម និងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមីនា លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានថ្លែងថា ក្រសួងកំពុងបង្កើតសេណារីយ៉ូដើម្បីវាយតម្លៃផលប៉ះពាល់លើវិស័យកសិកម្មទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។

លោក Long បានវាយតម្លៃថា ជម្លោះនៅមជ្ឈិមបូព៌ានេះបង្កើនហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសលើផ្លូវដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប និងប៉ះពាល់ដល់ថ្លៃថាមពល និងការដឹកជញ្ជូនអន្តរជាតិ ដែលទាំងនេះសុទ្ធសឹងតែបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញកសិកម្មរបស់វៀតណាម។

យោងតាមលោក Longបានបន្ថែមឲ្យដឹងទៀតថា ប្រសិនបើជម្លោះមជ្ឈិមបូព៌ាមានរយៈពេលមួយឆ្នាំ ការនាំចេញទៅកាន់តំបន់នេះនឹងត្រូវរំខានទាំងស្រុង ខណៈពេលដែលការនាំចេញទៅកាន់អឺរ៉ុប និងអាហ្វ្រិកខាងជើង នឹងថយចុះយ៉ាងហោចណាស់ ៥០-៦០%។ នេះអាចបណ្តាលឲ្យចំណូលនាំចេញកសិកម្មសរុបរបស់វៀតណាម ធ្លាក់ចុះប្រហែល ៧-៨ពាន់លានដុល្លារ។

ជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងជម្លោះ និងការទូទាត់សងសម្រាប់ប្រាក់ចំណូលពីការនាំចេញដែលបាត់បង់ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប្រកាសថា ខ្លួននឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រពៃណីដូចជា ប្រទេសចិន ជប៉ុន អាស៊ាន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបន្ថែមទៀត៕​