កម្ពុជា-សហរដ្ឋអាម៉េរិក ប្តេជ្ញារួមគ្នាពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

កិច្ចសន្ទនាលើកទី៤ រវាងកម្ពុជា-អាមេរិក រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ ឯកឧត្តមថា យន្តការនេះនឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។

ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
តាមរយៈវេទិកានៃកិច្ចសន្ទនានារសៀលនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមក៕ អត្ថបទ៖ ហ្សាលីន


