ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Kim Chang Yong បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។

ឯកឧត្តម បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា។ ឯកឧត្តមបានសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ ឯកឧត្តម ក៏ឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះលោក ឯកអគ្គរដ្ឋទូតក៏បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។
សូមជម្រាបថា តាមរយៈជំនួបខាងលើ លោកឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានស្នើនិងអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ៕ អត្ថបទ៖ ហ្សាលីន


