(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាព លើកដំបូង រវាងក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media Football) និងក្រុមបាល់ទាត់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ។

ជាមួយគ្នានេះ ប្រធានក្រុមបាល់ទាត់ទាំងពីរ បានបញ្ជាក់ដូចៗគ្នាពីសារៈសំខាន់នៃការរៀបចំការប្រកួតមិត្ដភាពនេះ ដែលជួយភ្ជាប់ទំនាក់ទំនងមិត្តភាពផង និងបានទាំងសុខភាពផងដែរ។
លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានដឹកនាំក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ចំពោះការប្រកួតមិត្តភាពនេះ ហើយថានេះជាការប្រកួតមិត្តភាពលើកទី៤ហើយ សម្រាប់ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា ដែលកីឡាករទាំងអស់ សុទ្ធសឹងមកពីស្ថាប័នព័ត៌មាននានាជាច្រើននៅកម្ពុជា។
លោកអគ្គនាយកចាត់ទុកថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយឱ្យក្រុមអ្នកព័ត៌មានបានស្គាល់គ្នា និងរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងជួយអ្នកព័ត៌មានរបស់យើង ភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ និងឯកជននានាផងដែរ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកសារព័ត៌មានកម្ពុជា រួមគ្នាលេងកីឡាដើម្បីថែរក្សាសុខភាព ហើយចំពោះអ្នកចង់ចូលរួមលេងបាល់ទាត់ អាចចូលរួមជាមួយក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា បាន ដោយក្រុមរបស់យើងស្វាគមន៍ជានិច្ច។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលបានដឹកនាំក្រុមប្រកួតជាមួយអ្នកសារព័ត៌មាន បានរំលេចពីសារសំខាន់នៃការលេងកីឡាបាល់ទាត់ ព្រោះលេងកីឡាមិនត្រឹមតែ ដើម្បីសុខភាពប៉ុណ្ណោះទេ គឺថែមទាំងជួយឱ្យមានសុខដុមនីយកម្ម ក្នុងសហគមន៍ផងដែរ (One field, One community)។ លោកគាំទ្រឱ្យមានការប្រកួតមិត្តភាពជាមួយក្រុមអ្នកសារព័ត៌មាន ឱ្យបាន៣ខែម្តង។
ដូចលើកមុនៗដែរ ការប្រកួតមិត្តភាពនេះ ក្រុមកីឡាករទាំងពីរបានប្រកួតគ្នាដោយការយោគយល់ និងអាធ្យាស្រ័យគ្នាទៅវិញទៅមក ដោយមិនបណ្តាលឱ្យមានកីឡាករណាម្នាក់រងរបួសនោះទេ។ បញ្ចប់ការធនាគារ ARDB យកឈ្នះអ្នកសារព័ត៌មានកម្ពុជា ដោយលទ្ធផល ១១-៧។
សូមជម្រាបថា ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន៖ បណ្តាញព័ត៌មាន Fresh News,អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស, ទូរទស្សន៍ជាតិកម្ពុជា (TVK), ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News៕








