អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងចំណាយទឹកប្រាក់លើការទិញទំនិញតាមអនឡាញក្នុងថ្ងៃ Black Friday លើសពី ១៣ពាន់លានដុល្លារ ខណៈអ្នកទិញកំពុងស្វែងរកការបញ្ចុះតម្លៃ បើទោះបីជាប្រឈមនឹងអតិផរណា និងតម្លៃប្រេងឥន្ធនៈខ្ពស់ក៏ដោយ។ នេះបើយោងតាមទិន្នន័យរបស់ Adobe Analytics ដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទិន្នន័យពី Adobe បានបង្ហាញថា ការចំណាយលើការទិញទំនិញតាមអនឡាញនៅថ្ងៃ Black Friday បានឈានដល់ ៩,៧ពាន់លានដុល្លារ គិតត្រឹមម៉ោង ៦:៣០ ល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក ពោលគឺបានកើនឡើង ១២,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ Adobe រំពឹងថា ទំហំចំណាយសរុបនឹងស្ថិតនៅចន្លោះ ១៣ពាន់លានដុល្លារ ទៅ ១៣,៤ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ Adobe ក៏បានព្យាករទៀតដែរថា ការចំណាយតាមអនឡាញនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នឹងមានចំនួន ៦,១ពាន់លានដុល្លារ និង ៦,៤ពាន់លានដុល្លាររៀងៗគ្នា ខណៈថ្ងៃ Cyber Monday ត្រូវបានរំពឹងថានឹងក្លាយជាថ្ងៃដែលមានការចំណាយខ្ពស់បំផុតក្នុងរដូវទិញទំនិញ ដោយអាចឈានដល់ ១៥,១ពាន់លានដុល្លារ។
លើសពីនេះ ការចំណាយលើការទិញទំនិញតាមអនឡាញក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ Thanksgiving រហូតដល់ Cyber Monday ត្រូវបានរំពឹងថានឹងកើនឡើង ៧,៤% ដល់ ៤៧,៥ពាន់លានដុល្លារ ដែលបង្ហាញពីកំណើននៃការទិញទំនិញតាមប្រព័ន្ធឌីជីថលដ៏ធំបំផុតនៅសហរដ្ឋអាមេរិក៕

