លោក ត្រាំ ធ្លាប់ជំរុញឲ្យវេណេស៊ុយឡា និងអ៊ីរ៉ាក់ ដើរចេញពីអង្គការប្រេងពិភពលោក OPEC

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ជំរុញប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ ឱ្យពិចារណាចាកចេញពីអង្គការប្រទេសនាំចេញប្រេង OPEC កាលពីដើមឆ្នាំនេះ ក្នុងគោលបំណងជំរុញការបង្កើនផលិតកម្ម និងការវិនិយោគក្នុងវិស័យប្រេងនៅប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកក៏បានរារាំងវេណេស៊ុយអេឡាពីការបង់ថ្លៃសមាជិកប្រចាំឆ្នាំទៅ OPEC ផងដែរ។ តែទោះជាយ៉ាងណា ការជំរុញនេះត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍។

ចំពោះប្រទេសអ៊ីរ៉ាក់ នាយករដ្ឋមន្ត្រី លោក Ali Faleh al-Zaidi ធ្លាប់លើកឡើងពីលទ្ធភាពចាកចេញពី OPEC បន្ទាប់ពីពិភាក្សាជាមួយមន្ត្រីអាមេរិក ប៉ុន្តែក្រសួងប្រេងអ៊ីរ៉ាក់បានប្រឆាំង និងស្នើឱ្យប្រទេសនេះបន្តសមាជិកភាព ដោយព្យាយាមស្នើសុំបង្កើនកូតាផលិតកម្មប្រេងជំនួសវិញ។

គួរជម្រាបជូនថា ការជំរុញរបស់សហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើ OPEC ដែលបច្ចុប្បន្នមានសមាជិក ១១ ប្រទេស និងបានបាត់បង់សមាជិកអស់ចំនួន ៤ ប្រទេសរួចមកហើយ គិតចាប់តាំងពីឆ្នាំ២០១៩។ អ្នកវិភាគបានព្រមានថា ហានិភ័យនៃការបែកបាក់ក្នុងអង្គការនេះកំពុងកើនឡើង ខណៈសហរដ្ឋអាមេរិកកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនលើទីផ្សារប្រេងពិភពលោក៕