ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញការខកចិត្តចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលបានចាត់ទុកលោក វ្លាឌីមៀ ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ីថាជា «មិត្ត» ខណៈអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតជំនួយយោធា និងមីស៊ីលការពារដែនអាកាស។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន BBC លោក Zelensky បានលើកឡើងថា លោក ពូទីន មិនអាចជាមិត្តបានទេ ព្រោះរុស្ស៊ីជាភាគីដែលបានចាប់ផ្តើមសង្គ្រាម ហើយលោកបានជំរុញឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការគាំទ្រអ៊ុយក្រែនឱ្យកាន់តែមានប្រសិទ្ធភាព។
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហាញការព្រួយបារម្ភចំពោះការពន្យារពេលផ្គត់ផ្គង់មីស៊ីល Patriot ពីសហរដ្ឋអាមេរិក ដោយសារអ៊ុយក្រែនកំពុងខ្វះខាតសព្វាវុធសម្រាប់ការការពារដែនអាកាស ខណៈទីក្រុង Kyiv កំពុងប្រឈមនឹងការវាយប្រហាររបស់រុស្ស៊ី និងការត្រៀមខ្លួនសម្រាប់រដូវរងាដ៏លំបាក។
ទន្ទឹមនឹងនេះ ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែប្រឈមនឹងឧបសគ្គជាច្រើន ដោយលោក Zelensky បានបញ្ជាក់ថា ការចរចាកាន់តែចូលទៅក្នុងព័ត៌មានលម្អិត កាន់តែមានបញ្ហាស្មុគស្មាញកើតឡើង ខណៈកិច្ចចរចាបន្ថែមត្រូវបានគេរំពឹងថានឹងបន្តនៅខែធ្នូ។
យ៉ាងណាមិញ ប្រធានាធិបតី លោក ត្រាំ ក៏បានបញ្ជាក់ថា លោកចង់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែបានចាត់ទុកភាពមិនចុះសម្រុង និងការស្អប់គ្នារវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ជាឧបសគ្គធំក្នុងការបញ្ចប់សង្គ្រាមនេះ៕

