មហាសេដ្ឋីកំពូលៗរបស់វៀតណាមចំនួន ៨រូប បានបាត់បង់ទ្រព្យសម្បត្តិសរុបប្រមាណ ២,៩៨ពាន់លានដុល្លារ បន្ទាប់ពីផ្សារហ៊ុនវៀតណាមធ្លាក់ចុះយ៉ាងខ្លាំងក្នុងការជួញដូរពីពេលថ្មីៗនេះ ដោយក្នុងនោះ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup រងការខាតបង់ច្រើនជាងគេប្រមាណ ២,២ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់ Forbes ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាមទាំង ៨រូប បានធ្លាក់មកនៅត្រឹម ៥៣,៣ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក Pham Nhat Vuong បានធ្លាក់មកនៅ ៣៥,៧ពាន់លានដុល្លារ ប៉ុន្តែលោកនៅតែជាអ្នកមានបំផុតនៅវៀតណាម និងអាស៊ីអាគ្នេយ៍ដដែល។
យ៉ាងណាមិញ លោកស្រី Pham Thu Huong និងលោកស្រី Pham Thuy Hang គឺជាអ្នកធ្លាក់ទ្រព្យសម្បត្តិច្រើនជាងគេ បន្ទាប់ពីលោក Vuong ដោយម្នាក់ៗថយចុះអស់ប្រមាណ ២៧១លានដុល្លារ និង ១៩១លានដុល្លាររៀងៗគ្នា។ ចំណែកមហាសេដ្ឋីផ្សេងទៀត រួមមានលោកស្រី Nguyen Thi Phuong Thao លោក Ho Hung Anh និងលោក Tran Dinh Long ក៏បានបាត់បង់ទ្រព្យសម្បត្តិជិត ១០០លានដុល្លារម្នាក់ៗផងដែរ។
ជម្រាបជូនថា ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីសន្ទស្សន៍ទីផ្សារហ៊ុន VN-Index បានធ្លាក់ចុះជិត ៥៨ពិន្ទុ ឬ ៣,៤២% ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលប្រហែល ៤ខែចុងក្រោយ។ សម្ពាធលក់លើទីផ្សារបានកើនឡើង បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិកបានស្នើដាក់ពន្ធបន្ថែមរហូតដល់ ៣៥% លើទំនិញនាំចូលពីវៀតណាម៕

