អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សចំនួន២០នាក់ក្នុងទីក្រុង Urmia ក្រោមការចោទប្រកាន់ពីបទចារកម្ម ដោយផ្ញើទីតាំងយោធា ប៉ូលិស និងសន្តិសុខ ទៅឲ្យប្រទេសអ៊ីស្រាអែល។

កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យដឹងនៅថ្ងៃទី១៥ខែមីនានេះថា បណ្តាញជនស៊ីឈ្នួលមួយចំនួន ដែលមានទំនាក់ទំនងជាមួយភ្នាក់ងាររបស់អ៊ីស្រាអែល ត្រូវបានបង្ក្រាបហើយបុគ្គលទាំង២០នាក់នោះ ត្រូវបានឃាត់ខ្លួនតាមដីកាតុលាការ។
យោងតាមច្បាប់ព្រហ្មទណ្ឌនិងច្បាប់សន្តិសុខជាតិរបស់អ៊ីរ៉ង់ ការយកការណ៍ឬធ្វើចារកម្មឲ្យប្រទេសអ៊ីស្រាអែល ដែលអ៊ីរ៉ង់ហៅថារបប «Zionist» គឺត្រូវបានចាត់ទុកថាជា បទល្មើសធ្ងន់ធ្ងរបំផុត ឈានដល់ប្រហារជីវិត។
ជាទូទៅ តុលាការបដិវត្តន៍អ៊ីរ៉ង់ ច្រើនតែចោទប្រកាន់ក្រោមបទល្មើសពីរគឺ ទី១. Mofsed-e-filarz (បង្កអន្តរាយដល់ផែនដី) នេះជាបទល្មើសសាសនានិងរដ្ឋដ៏ធ្ងន់ធ្ងរ ដែលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរក។ ទី២. Muharebeh (សត្រូវរបស់ព្រះ) ការប្រើប្រាស់មធ្យោបាយណាមួយដើម្បីបង្កអសន្តិសុខដល់រដ្ឋ និងសាសនា។
យ៉ាងណា ក្នុងករណីខ្លះ ប្រសិនបើព័ត៌មានដែលផ្ដល់ឲ្យមិនមែនជាព័ត៌មានយោធាកម្រិតកំពូល ឬបុគ្គលនោះផ្ដល់កិច្ចសហការខ្លះដល់អាជ្ញាធរ ទោសអាចនឹងត្រូវកាត់បន្ថយមកត្រឹមជាប់ពន្ធនាគារពី ៥ទៅ ១០ ឆ្នាំ ឬ ជាប់ពន្ធនាគារអស់មួយជីវិត៕




