យោងតាមតួលេខផ្លូវការមួយ បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថា ភ្ញៀវទេសចរបរទេសចំនួន ២១,៥ លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅក្នុងប្រទេសជប៉ុន ក្នុងរយ:ពេល ៦ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ២១% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងចំនួនភ្ញៀវទេសចរបរទេសលើសពី ២០ លាននាក់ ក្នុងរយ:ពេលត្រឹមតែ ៦ខែដំបូងនេះ គឺជាកើនឡើងលឿនបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។
យ៉ាងណាមិញ នៅក្នុងខែមិថុនាតែមួយ ចំនួនភ្ញៀវទេសចរបរទេស បានកើនឡើង ៧,៦% ឈានដល់ចំនូនកំណត់ត្រាខ្ពស់បំផុតចំនួន ៣,៤លាននាក់ ដោយសារតែជាពេលវេលាមួយ ដែលសាលារៀនដល់ថ្ងៃត្រូវឈប់សម្រាក។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនេះ ត្រូវបានជំរុញដោយការមកដល់របស់ភ្ញៀវទេសចរ មកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ជាដើម។ ប៉ុន្តែចំនួនអ្នកដំណើរមកពីហុងកុង បានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ទៅ ៣៣,៤% នៅក្នុងខែមិថុនា ដោយសារតែមានពាក្យចចារ៉ាមផ្ទុះឡើងលើអ៊ីនធើណិត ជុំវិញការព្រមានអំពីគ្រោះរញ្ជួយដីដ៏ធំ នៅប្រទេសជប៉ុន។
ជម្រាបជូនថា ចំនួនអ្នកធ្វើដំណើរមកពីទីក្រុងហុងកុង ក្នុងរយ:ពេល ៦ដំបូងឆ្នាំនេះបានធ្លាក់ចុះ ០,៤% មកនៅត្រឹម ១,២៧ លាននាក់ ខណ:កាលពីឆ្នាំ២០២៤ ពលរដ្ឋជប៉ុនធ្វើដំណើរមកជប៉ុន មានចំនូនសរុប ២,៧ លាននាក់៕

