កម្ពុជា និងដាណឺម៉ាក នឹងប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែនជាមួយលោក ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកអគ្គរាជទូត បានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរបស់លោក បានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូត ដោយសម្ដេចបានឯកភាពលើការធ្វើយ៉ាងណា ឱ្យទំនាក់ទំនងរវាងកម្ពុជានិងដាណឺម៉ាកមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀតជាពិសេសទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ មានការកើនឡើងហើយស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត រវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ា គឺនៅមានសក្តានុពលច្រើនទៀត ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាដើម។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ហើយសម្ដេចបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី។ នៅក្នុងឱកាសនោះ ឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី៕ អត្ថបទ៖ ហ្សាលីន


