លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹងលើជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវធី និងផ្អែកលើច្បាប់អន្តរជាតិ។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលបេសកកម្មការទូតរបស់លោក នៅកម្ពុជា បានបញ្ចប់អាណត្តិដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

នាឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូចជាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងវិវាទព្រំដែនយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាងលឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងលើគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតីភាពដូចដើមវិញនាពេលឆាប់ៗ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកថា ខណៈលោកឯកអគ្គរាជទូត បានបំពេញបេសកកម្មការទូតនៅកម្ពុជា ពិតជាធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការត្រៀមលក្ខណៈរួចរាល់ជានិច្ចដើម្បីផ្តល់កិច្ចសម្របសម្រួល និងគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ដូចជាបណ្តាការវិនិយោគថ្មីៗបន្ថែមពីប្រទេសជប៉ុន និងពីគ្រប់បណ្តាប្រទេសជាមិត្តឱ្យទទួលបានជោគជ័យ និងរីកចម្រើនប្រកបដោយចីរភាពផងដែរ៕ អត្ថបទ៖ហ្សាលីន


